✧═══•❁❀❁•═══✧
នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញទទួលបន្លែធម្មជាតិ ពីហាង មុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្តមណ្ឌលគិរី ចំនួន២តោន ដែលរួមមាន៖ ដំឡូងជ្វាជប៉ុន និងខ្ទឹមសរសុវត្ថិភាព សម្រាប់ឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកនៅក្នុងខេត្តពោធិ៍សាត់និងខេត្តព្រះវិហារ។
សកម្មភាពនេះ គឺជាការបង្ហាញពីកម្លាំងសាមគ្គីជាធ្លុងមួយ ស្មារតីមហាគ្រួសារខ្មែរតែមួយ។
ក្នុងឱកាសនេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះហាងមុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្ដមណ្ឌលគិរី ដែលបានឧបត្ថម្ភបន្លែធម្មជាតិមកកាន់ក្រសួងព័ត៌មាន ដើម្បីបញ្ជូនទៅកាន់តំបន់បងប្អូនជនភៀសសឹក និងបងប្អូនវីរៈកងទ័ពកម្ពុជាដែលកំពុងពលីសាច់ស្រស់ ឈាមស្រស់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា។
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ពិតជាមានមោទនភាព ដែលបានឃើញប្រជាពលរដ្ឋខ្មែរ មានទឹកចិត្តយ៉ាងធំធេង ចូលរួមយ៉ាងផុសផុលទាំងសម្ភារៈ ថវិកា ស្បៀងអាហារ ដើម្បីរួមគ្នាបង្ហាញពីកម្លាំងដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបប្រទះការលំបាក ដោយសារការឈ្លានពានពីយោធាថៃ។
ក្នុងនោះលោកស្រី មុយ វល័ក្ខ ម្ចាស់ហាង មុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្តមណ្ឌលគិរី បានថ្លែងថា ក្នុងអំឡុងពេលដ៏លំបាកនេះ មានតែការចែករំលែកគ្នាតែប៉ុណ្ណោះ ទើបអាចជួយឱ្យបងៗវីរកងទ័ព និងបងប្អូនជនភៀសសឹក មានស្បៀងអាហារគ្រប់គ្រាន់ សុខភាពល្អ និងការរស់នៅសមរម្យ៕






