✧═══•❁❀❁•═══✧
ខេត្តសៀមរាប៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ បណ្ឌិត ដាំ ដារីនី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជនភៀសសឹក១០០០គ្រួសារក្នុងមូលដ្ឋានខេត្តសៀមរាប។
លោកជំទាវបណ្ឌិតបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ សួរសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹក ក៏ដូចជាវីរៈកងទ័ព កងនគបាលនៅគ្រប់ទីតាំងសមរភូមិតាមព្រំដែន។
ថ្លែងអំណរគុណជូនដល់គណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលបានលះបង់ ទាំងកម្លាំង កាយ កម្លាំងចិត្តយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនជនភៀសសឹក ព្រមទាំងការព្យាបាលជំងឺ ការថែទាំសុខភាព ការរៀបចំជំរុំ រៀបចំស្បៀងអាហារ និងដោះស្រាយបញ្ហានានាបានល្អប្រសេីរ។
សមរភូមិក្រោយតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ភៀសសឹក និងជួយទំនុកបម្រុងដល់បងប្អូននៅសមរភូមិមុខ ជាប្រចាំ។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតបានអំពាវនាវ បងប្អូន ជនភៀសសឹកទាំងអស់ សូមជឿទុកចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងស្វែងរកមកវិញនូវសុខសន្តិភាពជូនបងប្អូន និងការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើងទាំងអស់គ្នា។
ជាចុងក្រោយ លោកជំទាវបណ្ឌិតបានផ្តាំផ្ញើពលរដ្ឋភៀសឹក និងគ្រួសារកងទ័ពទាំងអស់ ជាពិសេសកុមារា កុមារី ស្ត្រីមានផ្ទៃពោះ ព្រមទាំងលោកយាយ លោកតាចាស់ជរា បងប្អូន ជនពិការ សូមថែរក្សាសុខភាពឱ្យបានល្អក្នុងកាលៈទេសៈដ៏លំបាកនេះ។



























