ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជានៅតែបន្តបោះជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ


✧═══•❁❀❁•═══✧

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF)។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការ គ.ស.ឯ.រ.ជ. រួមទាំងមានភ្ញៀវជាតិ-អន្តរជាតិ ជាច្រើនរូបទៀត។

នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព G-PSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាផ្លែផ្ការបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំតម្រង់ទិស ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលសម្រេចបាននូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុបចំនួន១៧៩ មានវិធានការចំនួន១៦៦ ត្រូវបានអនុវត្តរួចរាល់ពេញលេញ ដែលស្មើនឹងប្រមាណ៩៣% នៃវិធានការសរុប។

នៅក្នុងរបាយការណ៍ខាងលើ ក៏បានគ្របដណ្ដប់ផងដែរនូវលទ្ធផលនៃកិច្ចប្រជុំ របស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១៨ខែ បន្ទាប់ពីការបើកជាផ្លូវការនូវវេទិកា G-PSF លើកទី១៩ ក្នុងនោះបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំសរុបប្រមាណ ៨២% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់កំពុងដោះស្រាយក្នុងទិសដៅវិជ្ជមានបន្តទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវដំណោះស្រាយដ៏គាប់ប្រសើរសម្រាប់វិស័យឯកជននាពេលខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវជំនឿជាក់ដ៏មុតមាំដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រទេសកម្ពុជានឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះ ទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងនាម ក.អ.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារវិនិយោគ ក្នុងការបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។ ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងទាំងនេះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែកកំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤៕






























Post a Comment

Previous Post Next Post