ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ ចំនួន ១,២០០លីត្រ ជូនឃុំមានជ័យ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សម្រាប់ចម្លងសិក្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមដងស្ទឹងសែន ដោយ​មិន​គិត​ប្រាក់​


✧═══•❁❀❁•═══✧

ខេត្តកំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ បានឧបត្ថម្ភប្រេងឥន្ធនៈចំនួន ១,២០០លីត្រ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក ជូនក្រុមប្រឹក្សាឃុំមានជ័យ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ដើម្បីចម្លងប្រជាពលរដ្ឋ និងសិក្សានុសិស្ស ដែលត្រូវធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ក្នុងជីវភាពប្រចាំថ្ងៃ និងទៅកាន់សាលារៀន  ដែលពិធីនេះ ប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដើម្បីជួយដោះស្រាយ និងសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការចំណាយថវិកា សម្រាប់ថ្លៃមធ្យោបាយធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ។ កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ លោកបានឧបត្ថម្ភកាណូតចំនួន ៦គ្រឿង  សម្រាប់ដឹកជញ្ជូនលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែន ដោយដាក់នៅឃុំមានជ័យ ចំនួន ៤គ្រឿង និងនៅឃុំដងកាំបិតចំនួន ២គ្រឿង ព្រមទាំងឧបត្ថម្ភប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ប្រចាំខែផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ថ្នាក់ដឹកនាំឃុំទាំងពីរ ត្រូវយកចិត្តទុកដាក់សម្របសម្រួល ក្នុងការដឹកជញ្ជូនចម្លងប្រជាពលរដ្ឋ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដោយមិនគិតថ្លៃ ហើយប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា  ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រជាជន ប្រកបដោយគុណធម៌ ។ 

ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាជ្ញាធរដែនដី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានផ្ដល់មធ្យោបាយ និងប្រេងឥន្ធនៈ សម្រាប់បម្រើឲ្យការដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់  និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សូមទទួលបាននូវពុទ្ធផលទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។









Post a Comment

Previous Post Next Post