អភិបាលខេត្តកំពង់ចាម ថ្លែងថា ក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេស (សាលាគ-ថ្លង់) គឺជាជនរងគ្រោះពីធម្មជាតិដ៏អភ័ព្វបំផុត ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់


✧═══•❁❀❁•═══✧

(ខេត្តកំពង់ចាម)៖អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសទាំងអស់ (សាលាគ-ថ្លង់) គឺជាជនរងគ្រោះពីធម្មជាតិដ៏អភ័ព្វបំផុត ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ ការថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងរៀបចំអាហារសាមគ្គីសម្រាប់ក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេស ក្រុងកំពង់ចាម និងក្មួយៗកុមារកំព្រាកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត ក្រោមវត្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវិទ្យាល័យអប់រំពិសេស ក្រុងកំពង់ចាម។ 

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចការលោកតែងតែគិតគូរពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះប្អូនៗ ក្មួយៗ ជាកុមារពិការភ្នែក កុមារ គ-ថ្លង់ និងកុមារកំព្រា ជាដើម។

ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដោយត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីកសាងអនាគតដ៏វែងឆ្ងាយបស់ក្មួយៗ បើទោះបីជាក្មួយៗមានបញ្ហា ក៏មិនត្រូវអស់សង្ឃឹមត្រូវតស៊ូជំនះរាល់ឧបសគ្គ។

ឯកឧត្តម អភិបាលខេត្ត បន្តថា សូមក្មួយៗ ត្រូវខិតខំរៀនសូត្រ បង្កើនសមត្ថភាពជំនាញ ដើម្បីជាការតបស្នងសងគុណដល់អ្នកមានគុណ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ជួយទំនុបបំរុង និងជួយជ្រោមជ្រែងដល់ក្មួយៗនៅទីនេះ។  ក្មួយៗទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភ័ក្រ្ត ឬនរណាម្នាក់ អូសទាញឲ្យប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើការរាយការណ៍ដល់លោកគ្រូ  អ្នកគ្រូភ្លាម។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់គណៈគ្រប់គ្រងសាលា និងបុគ្គលិកទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យ, វិធានការអនាម័យ និងគុណភាពនៃការអប់រំ ដើម្បីឲ្យសាលាកាន់តែទទួលបានជោគជ័យ និងល្បីល្បាញ។

នាឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គិតមកដល់ពេលនេះ គឺមានរយៈពេលជាង២០ឆ្នាំ ហើយ តាំងពីគេហៅខ្ញុំថាអ៊ុំ រហូតដល់គេហៅតាហើយ​ ដែលខ្ញុំ បានជួយទំនុកបម្រុងដល់ កុមារកំព្រា ពិការភ្នែក គថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ដើម្បីជួយផ្គត់ផ្គង់ និងជំរុញដល់ការរៀនសូត្ររបស់ក្មួយៗ ឱ្យបានជោគជ័យ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់កូនសិស្សមានពិការភាពទាំងអស់ ត្រូវរស់នៅប្រកប ដោយអនាម័យ និងខិតខំហាត់ប្រាណ ជាពិសេសត្រូវរួមសាមគ្គីគ្នា និងចេះជួយគ្នាទៅវិញទៅមក ក្នុងការរៀនសូត្រ ហើយត្រូវស្តាប់គ្រូបង្រៀន និងគោរពវិន័យសាលា ឱ្យបានខ្ជាប់ខ្ជួន តាំងពីនៅ តូចរហូតដល់ធំពេញវ័យ និងឈានទៅដល់ទទួលបានភាពជោគជ័យ ។

គួរបញ្ជាក់ថា សិស្សពិការភ្នែក និងគម្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម សរុបចំនួន ១៩៥នាក់ ក្នុងនោះបុគ្គលិក និងគ្រូ មានចំនួន ៤៥នាក់។ ដោយឡែកមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានសិស្ស ចំនួន ៥២នាក់ និងបុគ្គលិកសរុប ១២នាក់។ ចំពោះសកម្មភាពសិក្សា សិស្សពិការភ្នែកមាន ១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី១២- សិស្សគថ្លង់មាន ១៣ថ្នាក់ ចាប់ពីថ្នាក់ទី១-ក ទី១-ខ ដល់ទី១២ ។ សិស្សពិការភ្នែកចាប់ពីថ្នាក់ទី៣ និងគថ្លង់ចាប់ពីថ្នាក់ទី៥ ត្រូវបានបញ្ជូនទៅរៀនថ្នាក់ បរិយាបន្នសាលាទួលថ្ម មួយពេល។ ចំណែកសិស្សថ្នាក់ទី៧ ដល់១២ ត្រូវទៅរៀនថ្នាក់បរិយាបន្ន នៅវិទ្យាល័យព្រះសីហនុមួយពេលផងដែរ ៕



















Post a Comment

Previous Post Next Post