ប្រទេសចិន៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជេីញចូលរួមជាអធិបតី ក្នុងជំនួបពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងDalian University of Technology Press ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាធិការ លោក លោកស្រីសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ ដែលមានបំណងសហការគាំទ្រលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរួមគ្នាជាមួយភាគីកម្ពុជា សំដៅលេីកកម្ពស់និងចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន មានទំនាក់ទំនងមិត្តភាពគ្រប់ពេលវេលា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការអប់រំជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនង ដែលមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងមូលដ្ឋានគ្រឹះនៃការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ។
ក្រសួងអប់រំ យុវជន និងកីឡបានទទួលស្គាល់សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ជាទីភ្នាក់ងារអនុវត្តនៅកម្ពុជា ដោយធ្វើការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ Dalian University of Technology Press ជាទីភ្នាក់ងារប្រតិបត្តិពីភាគីចិន ដោយនឹងអនុវត្តការងារសំខាន់ៗ រួមទាំងការអភិវឌ្ឍរួមគ្នានៃស្តង់ដារជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាឱ្យមានគុណភាពខ្ពស់ ស្របតាមបរិបទកម្ពុជា។
គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះផ្ដោតសំខាន់ទៅលេី៖
- ការបង្កើតប្រព័ន្ធស្តង់ដារបច្ចេកទេសវិជ្ជាជីវៈ និងវិញ្ញាបនបត្រដែលស្របតាមស្តង់ដារអន្តរជាតិ ដែលឆ្លើយតបទៅនឹងការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា
- កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សា ដែលធានាបាននូវគុណភាព និងមានទំនាក់ទំនងវប្បធម៍រវាងប្រទេសនិងប្រទេស
- ការពង្រឹងការបណ្តុះបណ្តាលគ្រូ និងការកសាងសមត្ថភាព តាមរយៈការផ្លាស់ប្តូរជំនាញ និងបច្ចេកវិទ្យា
- សហប្រតិបត្តិការលេីការស្រាវជ្រាវ និងបោះពុម្ពផ្សាយ
- ការលើកកម្ពស់ការផ្លាស់ប្ដូរនិស្សិត និងអាហារូបករណ៍
- ស្វែងយល់ពីការអប់រំឌីជីថល និងការអប់រំបៃតង សម្រាប់យុវជននាសតវត្សទី ២១៕
១៧ កញ្ញា ២០២៥| ប្រទេសចិន