..................
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា (Bromsgrove International School Cambodia) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកឧកញ៉ា កែវសម្បត្តិ ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរបស់សាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា លោក Michael Punt នាយកសាលាប្រូមស៍ហ្គ្រូវនៃចក្រភពអង់គ្លេស មាតាបិតា អ្នកអាណាព្យាបាលសិស្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា ដោយនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់វិស័យអប់រំ ដែលរាជរដ្ឋាភិបាលបានបង្កបរិយាកាសអំណោយផលឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ជាពិសេសបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។
សាលាអន្តរជាតិប្រូមស៍ហ្គ្រូវ គឺជាសាលាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅចក្រភពអង់គ្លេស និងជុំវិញពិភពលោក។ ការបង្កើតសាលាដែលមានស្តង់ដាអន្តរជាតិបែបនេះនៅកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសអាចផ្តល់នូវជម្រើសដ៏ល្អសម្រាប់មាតាបិតា និងសិស្សានុសិស្ស ក្នុងការទទួលបានការអប់កម្រិតអន្តរជាតិ ដែលរួមបញ្ចូលទាំងចំណេះដឹង វិន័យឥរិយាបទល្អ និងបំណិនសតវត្សទី២១។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជដ្ឋាភិបាលចក្រភពអង់គ្លេស ក៏ដូចជាស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ដល់ការរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់កម្មវិធីអាហារូបករណ៍ (Chevening Scholarship Program) និងកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនទៀត ព្រមទាំងសូមថ្លែងអំណរគុណចំពោះលោក លោកស្រី ជាគណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ជាពិសេសឪពុកម្តាយ និងក្រុមគ្រួសាររបស់សិស្សទាំងអស់ ដោយយកចិត្តទុកដាក់មិនខ្លាចភាពនឿយហត់ក្នុងការចិញ្ចឹមបីបាច់ និងចូលរួមជ្រោមជ្រែងគាំទ្រលើកទឹកចិត្តកូនៗជាប់ជានិច្ចទាំងផ្នែកស្មារតី កម្លាំងកាយចិត្ត និងធនធាន ដើម្បីទំនុកបម្រុងការសិក្សារបស់ក្មួយៗឱ្យក្លាយជាធនធាន ដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរដល់គណៈគ្រប់សាលា និងភាគីពាក់ព័ន្ធទាំងអស់ចំពោះសមិទ្ធផលថ្មីមួយនេះ ដោយជឿជាក់ថា សាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជាឱ្យមានចំណេះដឹងទូលំទូលាយ មានសមត្ថភាពខ្ពស់ និងក្លាយខ្លួនជាពលរដ្ឋសកល ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនាពេលខាងមុខ៕
៦ កញ្ញា ២០២៥ | រាជធានីភ្នំពេញ































