ថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទវគ្គអប់រំនយោបាយរបស់គណបក្សថ្នាក់ខេត្តជំនាន់ទី២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ។ ក្នុងនោះផងដែរ ឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស, ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្តកោះកុង បានកោតសរសើរចំពោះសិក្ខាកាមជំនាន់ទី២១ នេះ គោរពវិន័យបានល្អ យកចិត្តទុកដាក់ក្នុងការតាមដានស្ដាប់ កត់ត្រា និងសាកសួររាល់ចម្ងល់របស់ខ្លួនទៅកាន់គ្រូឧទ្ទេសបានយ៉ាងផុសផុល ។ អ្វីដែលពិសេសជាងនេះ គឺសិក្ខាកាម គ្រូឧទ្ទេស និងក្រុមការងារសម្របសម្រួលរបស់គណៈឃោសនាអប់រំ និងគណៈដទៃទៀត បានមូលមតិគ្នាជាឯកច្ឆន្ទ ក្នុងស្មារតីសាមគ្គីជាតិ បានចូលរួមឧបត្ថម្ភគាំទ្រជាថវិកាសរុបចំនួន៤,៧៨០,០០០៛០០ ជូនគណបក្សខេត្តកោះកុង ដើម្បីជួយឧបត្ថម្ភដល់វីរ:កងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងស្មារតីការពារបូរណភាពទឹកដីនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ។
លោកជំទាវ មិថុនា ភូថង បានកោតសរសើរចំពោះគណៈឃោសនាអប់រំ ដែលបានរៀបចំវគ្គអប់រំនយោបាយរបស់គណបក្សថ្នាក់ខេត្តជំនាន់ទី២១ នេះ គឺដើម្បីបំពាក់បំប៉ននយោបាយទៅដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឱ្យយល់កាន់តែច្បាស់អំពីគោលនយោបាយដ៍ត្រឹមត្រូវរបស់គណបក្ស ការតស៊ូគ្រប់ដំណាក់កាលរបស់គណបក្ស រំដោះជាតិមាតុភូមិ ដើម្បីសុខក្សេមសាន្តរបស់ប្រជាជន អភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ ដើម្បីភាពរីកចម្រើននៃប្រទេសជាតិ ។
លោកជំទាវប្រធានបក្សបានណែនាំដល់សិក្ខាកាមទាំងអស់ដែលទទួលបាននូវចំណេះដឹងពីសិក្ខាសាលារយៈពេលបីថ្ងៃនេះ ត្រូវបន្តសិក្សារៀនសូត្រអំពីគោលនយោបាយរបស់គណបក្សបន្ថែមទៀត ដើម្បីមានបទពិសោធន៍ក្នុងការចូលរួមថែរក្សាការពារគណបក្ស ដោយប្រព្រឹត្តតែអំពើល្អ បម្រើប្រជាជនដោយភាពស្មោះត្រង់ ។