--------------------------
កាលពីរសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ SOCCER LEAGUE ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិSOCCER LEAGUE ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។ កម្មវិធីនេះក៏មានការហែក្បួនព្យុហយាត្រា ការសម្តែងសិល្បៈ ចម្រៀងពីសំណាក់សិល្បៈករ សិល្បៈការិនីផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ ជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ផងដែលថាSOCCER LEAGUE បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុសស្មារតីសាមគ្គីភាព ជាពិសេសក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើងពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និងនិន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់យុវជនមកពីគ្រប់ទិសទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការបញ្ចេញសម្ថភាពដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ។
ថ្លែងមតិស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង»។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ដោយឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះមានគោលបំណងបង្កើនឱកាសថ្មីៗឱ្យយុវជនដែលមកពីអង្គភាព-ស្ថាប័នផ្សេងៗគ្នា ដើម្បីចូលរួម បង្កើត និងបង្កើនទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព ក្នុងបរិយាកាសស្និទ្ធស្នាល រួមគ្នាជាចំណែកដើម្បីអភិវឌ្ឍប្រទេសជាតិ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបានសំណូមពរឱ្យក្រុមកីឡាករទាំងអស់ចូលរួមប្រកួតប្រជែងក្រោមស្មារតីសាមគ្គីភាព មិត្តភាព និងប្រកាន់ខ្ជាប់ក្រមសីលធម៌កីឡា។ ឯកឧត្តមក៏ជូនពរឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។