ឧត្ដរមានជ័យ៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ដឹកនាំនាយទាហាន ទទួលដំណើរក្រុមការងារសេនាតេជោសន្តិភាព ដឹកនាំដោយ ឯកឧត្តម កែវ ផុន ជំនួយការ សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព អញ្ជើញចុះជួបសំណេះសំណាលសួរទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មកចែកជូនកងទ័ពឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅទិសប្រាសាទតាក្របី។
ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់ អគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងឈរជើងការពារបន្ទាត់ព្រំដែន។
បន្ថែមលើនោះ ឯកឧត្ដម ក៏បានកោតសរសើរ និងដឹងគុណនូវវីរៈភាពក្លាហាន របស់កងកម្លាំងឈរជើងការពារ លើខ្សែបន្ទាត់ព្រំដែន ក្នុងស្មារតីស្នេហាជាតិខ្ពស់ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងការពារបូរណភាពទឹកដី រក្សាឱ្យបាននូវសុខសន្តិភាព ឯកឧត្ដម ក៏បានជូនពរដល់កងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូណ៍ កម្លាំងកាយ មាំមួន ប្រាជ្ញាឈ្លាសវៃ និងសម្រេចការងារបានជោគជ័យ គ្រប់ភារកិច្ច៕