ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ឯកឧត្ដម ធុច បញ្ចសន្តិភាព ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ជំនួស ឯកឧត្ដម ទី សុវិនថាល់ ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មំុ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មំុ, ឯកឧត្តមប្រធានសាលាដំបូងខេត្ត និង ឯកឧត្តម និងលោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយចំនួន ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប ផងដែរ។
ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ដែលបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល និង ត្រូវបានកំណត់ជាវិធានការគន្លឹះទី ៥ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជូនអង្គពិធីទាំងមូល ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរដ្ឋបាលតុលាការ និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ អំពីសេចក្តីសម្រេចចិត្តរបស់មហាសន្នបាតវិស័យយុត្តិធម៌ ដែលនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ, អង្គមហាសន្និបាតវិស័យយុត្តិធម៌ ក៏បានឯកភាព និងគាំទ្រទាំងអស់គ្នាថា “ការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ គឺជាការងារអាទិភាពមួយដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់, ឱ្យបានតឹងរ៉ឹង និងដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ”។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ដូចខាងក្រោម៖
(១)-ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។
(២)-ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដែលនេះជា “យ័ន្តការពារខ្លួនដ៏ស័ក្តិសិទ្ធ” របស់ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ក្នុងការបំពេញការងាររបស់ខ្លួន ព្រមទាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានភាពម្ចាស់ការក្នុងការសរសេរសាលក្រម ឬសាលដីកាឱ្យបានឆាប់រហ័សបន្ទាប់ពីការប្រកាសអំពីការសម្រេចសេចក្តីរបស់ខ្លួន។