ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តស្ទឹងត្រែង


   ===================== 

   ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ឯកឧត្ដម អ៊ុក សុវណ្ណារិទ្ធ ជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួស ឯកឧត្ដម ឌិន ស៊ីវុទ្ធី ដែលត្រូវបានតែងតាំងជា ចៅក្រមតុលាការកំពូល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ឯកឧត្តមប្រធានសាលាដំបូងខេត្ត និង ឯកឧត្តម និងលោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយចំនួន ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប ផងដែរ។ 

ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ដែលបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល និងត្រូវបានកំណត់ជាវិធានការគន្លឹះទី ៥ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីសម្រេចឱ្យបានចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើ “សសរស្តម្ភ” ចំនួន ២ គឺ៖ 

-សសរស្តម្ភទី១៖ ការកែទម្រង់ប្រព័ន្ធតុលាការ ដោយផ្តោតលើគុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស និង ផ្តោតលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និងភាពត្រឹមត្រូវ  និង

-សសរស្តម្ភទី២៖ ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានលក្ខណៈងាយស្រួល, សម្បូរបែប និងដោះស្រាយបញ្ចប់វិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌សន្តិភាពនិយមក្នុងសង្គមកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជូនអង្គពិធីទាំងមូល ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរដ្ឋបាលតុលាការ និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ អំពីសេចក្តីសម្រេចចិត្តរបស់មហាសន្នបាតវិស័យយុត្តិធម៌ ដែលនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ, អង្គមហាសន្និបាតវិស័យយុត្តិធម៌ ក៏បានឯកភាព និងគាំទ្រទាំងអស់គ្នាថា “ការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ គឺជាការងារអាទិភាពមួយដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់, ឱ្យបានតឹងរ៉ឹង និងដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ”។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តមប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ដូចខាងក្រោម៖ 

(១)-ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។











Post a Comment

Previous Post Next Post