សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki)ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម


   នៅព្រឹកថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ 

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅដល់  ឯកឧត្តមតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជាក្នុងពេលនេះ។ សម្តេចតេជោ បានរំលឹកអំពីជំនួបរវាងសម្តេច និងឯកឧត្តមប្រធានសមាគម និងគណៈប្រតិភូវិនិយោគ កាលពីខែមករា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូកន្លងមក ហើយឱកាសនេះនឹងជាជំនួបសាជាថ្មីទៀត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសមាគមវិនិយោគិនជប៉ុន និងកម្ពុជា។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ហ្វូមីអាគី កម្ពុជាដែលក្រោយពីការចាកចេញពីតំណែងអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាឯកឧត្តមប្រធាន បានខិតខំយ៉ាងខ្លាំងដើម្បីជំរុញទំនាក់ទំនងជប៉ុន និងកម្ពុជាតាមរយៈការបង្កើតជាសមាគមជប៉ុន-កម្ពុជានេះឡើង និងការខិតខំទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា។  

នាឱកាសជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តម និងគណៈប្រតិភូវិនិយោគិនជប៉ុនក្នុងពេលនេះ។ ឯកឧត្តមបានបន្តថា ជំនួបសាជាថ្មីនេះ គឺដើម្បីរាយការណ៍ជូនសម្តេចអំពីវឌ្ឍនភាពការងារនៃសមាគមនាពេលកន្លងមក ដែលបានចូលរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា និងអំពីការបើកការិយាល័យរបស់សមាគមនៅកម្ពុជា កាលពីខែសីហាឆ្នាំ២០២៤ ដែលអាចឱ្យទាំងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចុះឈ្មោះចូលជាសមាជិករបស់សមាគម និងធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តម ក៏បានជម្រាបជូនសម្តេចតេជោផងដែរពីកិច្ចសហប្រតិបត្តិការរបស់សមាគមជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានចំនួន៣ដែលរួមមាន សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងថែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរពីដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ គឺមានក្រុមហ៊ុនជប៉ុនចំនួន២៦ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១៧ជាក្រុមហ៊ុនថ្មីមិនដែលមកកម្ពុជាសោះ ហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ នៅវិស័យវារីវប្បកម្ម... ។ល។ ឯកឧត្តម បានបញ្ជាក់ផងដែរថា កន្លងមកសមាគម ជប៉ុន-កម្ពុជា បានខិតខំផ្សព្វផ្សាយតាមគ្រប់រូបភាព តាមទូរទស្សន៍ជប៉ុនអំពីសក្ដានុពលរបស់កម្ពុជា នៅក្នុងប្រទេសជប៉ុនដើម្បីទាក់ទាញវិនិយោគជប៉ុនបន្ថែមទៀត ពិសេសក្រុមហ៊ុនប្រភេទសហគ្រាសធុនតូចនិងមធ្យម ឱ្យមកធ្វើការវិនិយោគថែមទៀតនៅកម្ពុជា ។

ឯកឧត្តម ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការពង្រឹងនិងពង្រីកទំនាក់ទំនងអាជីវកម្ម និងធុរកិច្ចជាមួយវិស័យឯកជនកម្ពុជាផងដែរ ។

លោក កាតុ អគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្តេចតេជោផងដែរថា សហគ្រាសធុនតូច និងមធ្យម (SME) របស់ជប៉ុន ដែលសមាគមបាននាំមកកម្ពុជានាពេលនេះ គឺមានជំនាញក្នុងការកែច្នៃវត្ថុធាតុដើមនានាដែលសំបូរបែបនៅកម្ពុជា ដើម្បីផលិតជាទំនិញដ៏មានតម្លៃសម្រាប់ទីផ្សារកម្ពុជា តំបន់និងពិភពលោក។

ក្នុងចំណោមជំនាញទាំងនោះ មានជំនាញខាងការកែច្នៃប្រើប្រាស់សូត្រពណ៌មាសរបស់កម្ពុជា តាមបច្ចេកវិទ្យាថ្មីរបស់ជប៉ុន  មកធ្វើជាផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ធភាព  ការកែច្នៃសំបកគ្រាប់ស្វាយចន្ទីឱ្យទៅជាចំណីសត្វគោ, ការចិញ្ចឹមត្រី ទីឡាព្យាដែលមានផលប្រយោជន៍សម្រាប់ការនាំចេញ ហើយស្រកាត្រីទីឡាប់ព្យា អាចផលិតទៅជាផលិតផលរក្សាសម្រស់ ខណៈឆ្អឹងត្រីទីឡាប់ព្យាអាចកែច្នៃទៅជាចំណីសត្វ។ ទន្ទឹមនេះដែរក៏មានក្រុមហ៊ុនដែលមានជំនាញ កែច្នៃផ្លែខ្នុរ ពោលគឺក្តិបខ្នុរ និងសម្បកខ្នុរ ដែលកសិករកម្ពុជាតែងតែបេះចោលដើម្បីទុកឱ្យខ្នុរធំៗមានទំហំធំល្អ  មកធ្វើជាម្ហូបក្នុងអាហារដ្ឋាន និងធ្វើជាចំណីសត្វផងដែរ។

លោក កាតុ អគ្គលេខាធិការសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្តេចតេជោផងដែរថា ទិសដៅខាងមុខរបស់សមាគមជប៉ុន-កម្ពុជា នឹងមានការវិនិយោគលើ ការបណ្តុះបណ្តាលជំនាញផ្នែកថែទាំយានយន្ត, បច្ចេកវិទ្យាព័ត៌មាន, ការប្រឹក្សាយោបល់ (Counselling) ជាដើម។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីគោលបំណងនាំយកក្រុមហ៊ុនជប៉ុន ដែលមានជំនាញថែទាំមនុស្សចាស់ ផ្នែកសាងសង់និងរចនា និងក្រុមហ៊ុនបណ្តុះបណ្តាលការដាំស្មៅដើម្បីបម្រើទីលានវាយកូនហ្គោល ក៏ដូចជាតារាងបាល់ទាត់ មកកម្ពុជាបន្ថែមទៀត ដោយក្រុមហ៊ុនមើលឃើញថានៅកម្ពុជា ខ្វះធនធានក្នុងវិស័យនេះ ហើយដែលជប៉ុន និងកម្ពុជាអាចធ្វើការផ្លាស់ប្ដូរជាមួយគ្នាក្នុងវិស័យនេះផងដែរ។

លោកអគ្គលេខាធិការសមាគម បានអះអាងបន្ថែមថា សមាគម និងវិនិយោគិនបានប្ដេជ្ញាចិត្តរួមគ្នាចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ ដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនិងខិតខំបន្ថែមទៀតដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដទៃទៀតឱ្យចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ។

ក្រៅពីក្រុមហ៊ុន ដែលលោកអគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជា បានរៀបរាប់ នៅមានក្រុមហ៊ុនមួយចំនួនទៀតដែលបានវិនិយោគនៅកម្ពុជារួចហើយ មានដូចជាក្រុមវិនិយោគលើឥណទានកាបោន, ក្រុមហ៊ុនចិញ្ចឹមត្រីយកសាច់, ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ, និងក្រុមហ៊ុនកែច្នៃផលិតផលចំណីអាហារកំប៉ុងជាដើម ដែលកំពុងដំណើរការបានយ៉ាងរលូន និងកំពុងរៀបចំពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដែលជាទិសដៅគឺនឹងនាំផលិតផល ដែលផលិតនៅកម្ពុជាទៅលក់នៅលើទីផ្សារជប៉ុន អឺរ៉ុប ស្វីស និងទីផ្សារពិភពលោក។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជាដែលដឹកនាំដោយឯកឧត្តម តាកាហាស៊ី ដែលបានប្រឹងប្រែងក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយវិស័យឯកជនរបស់ជប៉ុនបានរួមចំណែកយ៉ាងច្រើននៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ។ 

សម្តេចតេជោ បានស្វាគមន៍ដោយសេចក្តីរីករាយ ចំពោះការសម្រេចចិត្តបើកការិយាល័យនៅកម្ពុជា និងការបើកឱ្យមានការចុះឈ្មោះជាសមាជិកថែមទៀត។ សម្តេចតេជោ បានបន្តថា ការងារនេះ នឹងជួយពង្រឹងទំនាក់ទំនងរបស់សមាគម ដោយការផ្សារភ្ជាប់ក្រុមហ៊ុនជប៉ុន និងកម្ពុជា។ សម្តេចសង្ឃឹមថា ឯកឧត្តមប្រធានសមាគម នឹងបន្តការងារនេះ ហើយវិនិយោគិនទាំងខ្មែរ និងជប៉ុនប្រាកដជាស្វះស្វែងរកគ្នាតាមរយៈសមាគមជប៉ុន-កម្ពុជានេះ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក កាតុអគ្គលេខាធិការសមាគម ដែលខិតខំជំរុញក្រុមហ៊ុនតូច មធ្យម មកវិនិយោគនៅកម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងលើកកម្ពស់វិស័យសហគ្រាសធន់តូចនិងមធ្យមនៅកម្ពុជា ក្នុងការបង្កើតឱ្យទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ។

សម្តេចតេជោ បានបញ្ជាក់ថាអ្វីដែលវិនិយោគិនជប៉ុន ចង់វិនិយោគនៅកម្ពុជា ក្នុងពេលនេះ គឺជាពេលវេលាដ៏សមស្របសម្រាប់កម្ពុជា ហើយវត្ថុធាតុដើមដែលភាគីជប៉ុនត្រូវការក៏មាននៅកម្ពុជាផងដែរ។ ប្រទេសកម្ពុជា មានវត្ថុធាតុដើមដ៏ល្អ ប៉ុន្តែបើមានបច្ចេកវិទ្យាជប៉ុនកែឆ្នៃ ឱ្យទៅជាផលិតផលប្រកបដោយជំនឿទុកចិត្តនោះ វានឹងបន្ថែមតម្លៃទៅលើផលិតផលនោះ និងជំនឿទុកចិត្តថែមទៀត។

សម្តេចតេជោ បានសម្ដែងការចាប់អារម្មណ៍លើការកែច្នៃគ្រាប់ស្វាយចន្ទីដោយសម្តេច បានរំលឹកថាកាលពីពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី សម្តេចបានប្រកាសថា “កម្ពុជានឹងក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី”។ នាពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលដាំស្វាយចន្ទីច្រើនជាងគេ និងមានទិន្នផលកើនឡើងជារៀងរាល់ឆ្នាំ។ គិតត្រឹម ១០ខែដំបូងក្នុងឆ្នាំនេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម ប្រហែល ៨០ ម៉ឺនតោន។ ហេតុដូច្នេះ ប្រសិនបើជប៉ុន អាចទាញយកក្រុមហ៊ុន ទាំងនោះមកកែច្នៃគ្រាប់ស្វាយចន្ទី ទៅជាផលិតផលផ្សេងៗ ដែលជាតម្រូវការបន្ថែមនោះប្រទេសកម្ពុជា ពិតជាមានភ័ព្វសំណាងណាស់។

សម្តេចតេជោ បានបញ្ជាក់ទៅវិនិយោគិនជប៉ុនថា  ផលិតផលរួមរវាងកម្ពុជា និង ជប៉ុន ប្រាកដជានឹងត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ សម្ដេចតេជោ ក៏បានចាប់អារម្មណ៍ផងដែរទៅលើការកែច្នៃក្ដឹបខ្នុរ និងសំបកខ្នុរ ហើយបើអាចកែច្នៃតាមការរៀបរាប់របស់ក្រុមហ៊ុននោះប្រជាពលរដ្ឋកម្ពុជា និងអាចបង្កើនការដាំដុះដំណាំនេះថែមទៀត ។  កត្តានេះ មិនត្រឹមតែជួយដល់សេដ្ឋកិច្ច និងជីវភាពរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបំពេញដល់គម្របព្រៃឈើរបស់កម្ពុជា ដែលធ្វើឱ្យការវិនិយោគលើ ឥណទានកាបោន នឹងទទួលផលចំនេញកាន់តែច្រើន។ សម្តេចតេជោ បញ្ជាក់ផងដែរថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសកម្ពុជាបៃតង ដែលឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។

សម្តេចតេជោ បានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ក្រុមហ៊ុនជប៉ុន ដែលបានដើរស្របជាមួយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន៥ សែននាក់ ហើយក្រុមហ៊ុនជប៉ុន អាចចូលរួម បណ្តុះបណ្តាលយុវជន ទាំងនោះ។ ទាក់ទងនឹងការបណ្តុះបណ្តាលជំនាញថែទាំងមនុស្សចាស់ សម្ដេចតេជោ បានគូសបញ្ជាក់ថា នៅពេល យុវជនទទួលបានការបណ្តុះបណ្តាលរួច ភាគីជប៉ុនគួរបញ្ជូនពួកគេទៅធ្វើការនៅប្រទេសជប៉ុន ដែលមានតម្រូវការអ្នកថែទាំមនុស្សចាស់ច្រើនហើយដែលអាចជួយផ្ដល់នូវការងារដល់ប្រជាជនកម្ពុជាផងដែរ។

ទាក់ទងនឹងការបណ្ដុះបណ្ដាលផ្សេងទៀតដូចជា ការថែទាំស្មៅទីលានវាយកូនហ្គោល និងតារាងបាល់ទាត់ គឺអាចជាការប្រសើរផងដែរ ដោយសារអ្នកទេសចរណ៍ក៏ដូចជាប្រជាជនកម្ពុជាសព្វថ្ងៃ មានចំណូលចិត្តក្នុងការលេងវាយកូនហ្គោលកាន់តែច្រើនឡើង ដោយសារ ជំនាញថែទាំស្មៅនៅកម្ពុជានៅមានការខ្វះខាតនៅឡើយ។ 

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ដោយមើលឃើញថាមានវិនិយោគិនថ្មីៗដែលទើបមកកម្ពុជាជាលើកទី១ សម្ដេចបានជម្រាបជូនពីការប្រែប្រួលខាងនយោបាយនៅកម្ពុជា ដែលឆ្លងកាត់ការលំបាកទម្រាំទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃ ដោយសម្ដេចបញ្ជាក់ថា សម្ដេចបានកាន់កាប់ការងារជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ហើយបើសរុបមុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងជានាយករដ្ឋមន្ត្រីផង មានប្រហែល៤៥ឆ្នាំ។ ជិតកន្លះសតវត្សទៅហើយ ដោយសម្ដេចបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលហែកហួរដោយសង្គ្រាម មកកាន់សុខសន្តិភាព តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ហើយមានកងកម្លាំងប្រដាប់អាវុធតែមួយ មិនមានការបែងចែកទឹកដី ដែលជាឱកាសល្អសម្រាប់ការអភិវឌ្ឍ ក៏ដូចជាវិនិយោគិនទុនអាចមកធ្វើការវិនិយោគនៅកម្ពុជាផងដែរ។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ឆ្លងតាមការផ្លាស់ប្ដូរ បើទោះជាសម្ដេចនៅមានសុខភាពល្អអាចកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀតក្ដី តែសម្ដេចបានសុខចិត្តលះបង់អំណាច ដើម្បីប្ដូរយកមកវិញនៅសុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាការអភិវឌ្ឍប្រទេសបន្តទៀត ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ជានាយករដ្ឋមន្ត្រី ដែលបានកាន់អំណាចជាងមួយឆ្នាំកន្លងមកនេះ គឺបានដើរក្នុងល្បឿនលឿនជាងរដ្ឋាភិបាលអាណត្តិមុន ដែលសម្បូរទៅដោយមនុស្សមានវ័យចំណាស់ ។

សម្តេចតេជោ បានបន្តថា ប្រទេសជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយឥតចំណងធំបំផុតដល់កម្ពុជា ប៉ុន្តែវិនិយោគិនជប៉ុនមិនទាន់ច្រើននៅឡើយទេ មកបណ្តាក់ទុននៅកម្ពុជា។ ទើបតែ ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលមានក្រុមហ៊ុនវិនិយោគជប៉ុន មកវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ដែលធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បានកើនឡើង។ ក្នុងនាមជាប្រទេសភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលសម្ដេចបានបង្កើតឡើងជាមួយថ្នាក់ដឹកនាំជប៉ុនកន្លងមក ហើយបន្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសយើងទាំងពីរ កម្ពុជា និងជប៉ុន ត្រូវតែបន្តពង្រឹងទំនាក់ទំនងទាំងនយោបាយ និងជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះឱ្យកាន់តែច្រើនថែមទៀត។ 

ជាចុងក្រោយ សម្តេចតេជោ បានថ្លែងអំណរគុណសាជាថ្មីដល់ឯកឧត្តម តាកាហាស៊ី ប្រធានសមាគមជប៉ុន-កម្ពុជា និងលោកអគ្គលេខាធិការ ដែលបានខិតខំធ្វើការបានយ៉ាងល្អ និងសូមជូនពរដល់លោកទាំងពីរ និងគណៈប្រតិភូវិនិយោគិនជប៉ុនទាំងអស់ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងសូមទទួលបានសុខសុវត្ថិភាពពេលត្រឡប់ទៅប្រទេសជប៉ុនវិញ ៕












Post a Comment

Previous Post Next Post