សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា


   នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួប Asad Yaqub ហើយដែលបានធ្វើការជាមួយជាមួយសម្ដេច និងកម្ពុជាអស់រយៈពេល៥ឆ្នាំមកនេះ ដែលយើងបានឆ្លងកាត់នូវការលំបាកនានា ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ សម្ដេចក៏បានសម្ដែងការសោកស្ដាយផងដែរ ដែលលោក Asad Yaqub ត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

លោក Asad Yaqub អាសាដ យ៉ាកុប បានគោរពជូនពរក្នុងឱកាសខួបកំណើតរបស់ សម្តេច និងបានសម្តែងនូវការអបអរសាទរកម្ពុជា ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ សីហាកន្លងទៅ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសមានចិត្តរបស់សម្ដេចដែលបានចំណាយពេលវេលាទទួលជួប លោកនិងសហការី នៅពេលនេះ។

លោក Asad Yaqub បានកោតសរសើរចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសប្រកបដោយជោគជ័យ និងបានលើកឡើងថា កម្ពុជាជាប្រទេសឈានមុខគេមួយដែលបានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព ដែលបានជាប់ចំណាត់ថ្នាក់នៅអាស៊ី ហើយ ដែលឈានទៅដល់ការបើកសាលារៀនមុនគេ ពោលគឺមុនសហរដ្ឋអាមេរិកទៅទៀត។

លោក Asad Yaqub ក៏បានបន្តគូសបញ្ជាក់ផងដែរ អំពីជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈរបស់កម្ពុជា​ក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានកាលពីឆ្នាំ២០២២ និងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games នាពេលកន្លងទៅ។ លោកក៏បានលើកឡើងពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូននិងបរិយាកាសសន្តិភាព និងបានសម្តែងនូវការកោតសរសើរចំពោះភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។ លោកក៏បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការជូនពរថ្ងៃខួបកំណើតសម្ដេច និងការអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយសម្ដេចបានជម្រាបជូនថា ការជីកព្រែកនេះ ពិតជាមានសារៈសំខាន់ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងបាន ព្រោះការដឹកជញ្ជូនតាមផ្លូវគោកត្រូវចំណាយច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ជាមួយគ្នានោះ តំបន់ភាគនិរតី នៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ ពីព្រោះថា ព្រែកជីកនេះ នឹងផ្ដល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាកសិករធ្វើស្រែ និងដំណាំផ្សេងៗទៀត។ ព្រែកជីកនេះ ក៏ជួយជម្លៀសទឹកជំនន់ ហើយនឹងលើកតម្កើង​​វិស័យទេសចរណ៍ទៀតផង។

សម្តេចតេជោក៏បានអរគុណដល់លោក Asad Yaqub ដែលបានរួមសុខរួមទុក្ខជាមួយកម្ពុជានៅក្នុងពេលមានជំងឺកូវីដ-១៩។ នាឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកបទពិសោធក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ខណៈដែលប្រទេសអភិវឌ្ឍន៍មួយចំនួន បានមើលស្រាលកម្ពុជាថាមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ តែផ្ទុយទៅវិញកម្ពុជាបានអនុវត្តដោយជោគជ័យនូវការគ្រប់គ្រងជំងឺកូវីដ-១៩នោះ ។ យុទ្ធនាការ ៣កុំ ៣ការពារ របស់ សម្តេច បូកផ្សំនឹងអភិក្រមផ្ការីក សំដៅពង្រាយការចាក់វ៉ាក់សាំងទូទាំងប្រទេសដើម្បីពង្រឹងភាពសុំាសហគមន៍ និងយន្តការប្រតិបត្តិការឆាប់រហ័សដទៃទៀត​ បានធ្វើឱ្យកម្ពុជាអាចទប់ស្កាត់វិបត្តិកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។ សម្ដេចបន្តថា ចិនគឺជាប្រភពដ៏សំខាន់នៃការផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា ហើយប្រទេសដទៃទៀត ក៏បានរួមផ្សំផ្តល់វាក់សាំងផងដែរ។ សម្តេច បានបន្ថែមថា ឱកាសគុណវិបត្តិតែងបង្កប់នូវកាលានុវត្តភាព តួយ៉ាងវិបត្តិជំងឺកូវីដ-១៩បានជួយពន្លឿនផ្នែកឌីជីថលនៅកម្ពុជា រួមមានការសិក្សាតាមប្រព័ន្ធអនឡាញ ការទូទាត់ទំនិញតាមរយៈ QR Code ដោយមិនចាំបាច់ប្រើសាច់ប្រាក់ជាដើម ក៏ដូចជាបានបង្ហាញពីការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការរួមចំណែកវិភាគទានដោយស្ម័គ្រចិត្តពីវិស័យឯកជនផងដែរ។ សម្តេចតេជោក៏បានអរគុណដល់សប្បុរសជននានា ពាណិជ្ជករ ដែលបានចូលរួមក្នុងចលនាផ្ដល់ជាជំនួយឧបត្ថម្ភផ្សេងៗ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ជាមួយគ្នានោះ សម្ដេចក៏បានរំលឹកពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានផងដែរក្នុងឆ្នាំ២០២២ ក៏ទទួលបាននូវភាពជោគជ័យផងដែរ ដោយថ្នាក់ដឹកនាំពីបណ្ដាប្រទេសធំៗបានមកចូលរួម ដូចជាសហរដ្ឋអាមេរិក កាណាដា ចិន កូរ៉េខាងត្បូង ជប៉ុនជាដើម។ល។

ទាក់ទងទៅនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម សម្តេចបានរំលឹកថា កាលពីមុនកម្ពុជាបានសុំការយោគយល់ពីប្រទេសអាស៊ានក្នុងការពន្យារពេលនៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ខណៈដែលពេលនោះ កម្ពុជាត្រូវយកពេលវេលានិងថវិកា សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ សម្តេចតេជោក៏បានផ្ដល់នូវទស្សនាទានថ្មីមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ គឺការផ្ដល់ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរ ដោយមិនមានការគិតប្រាក់ពីកីឡាករ ប្រតិភូកីឡាពីប្រទេសអាស៊ាន។ សម្តេច បានបន្តថា នេះជាចក្ខុវិស័យក្នុងការជំរុញការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងអាស៊ាន។

ចំពោះការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ សម្ដេចបានរំលឹកពីបទពិសោធន៍របស់កម្ពុជាក្នុងអតីតកាល ដែលរាល់ការផ្ទរអំណាច ម្ដងៗតែងមានភាពច្របូកច្របល់។ ការផ្ទេរអំណាចនាពេលនេះ គឺដើម្បីសុខសន្តិភាព ស្ថិរភាពយូរអង្វែង។

មុននឹងបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងពីសភាពការណ៍តានតឹងមួយចំនួននៅជុំវិញពិភពលោក នឹងបានកត់សម្គាល់ថា សន្តិសុខថាមពលអាចមានផលប៉ះពាល់ដល់យើង តែសន្តិសុខស្បៀងត្រូវតែធានាឱ្យបានដាច់ខាត។ សម្តេច ក៏បានជូនពរ លោក អាសាដ យ៉ាកុប សម្រាប់ភារកិច្ចថ្មីនាពេលខាងមុខ និងសង្ឃឹមថាអ្នកបន្តវេនថ្មីនឹងបន្តសហការកាន់តែជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕




Post a Comment

Previous Post Next Post