សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ថែមទៀត


    ក្នុងពិធីដ៏ឱឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាព ទាមទារឱ្យមានការអប់រំទាំងផ្នែកចំណេះដឹង វិជ្ជាជីវៈ និងទាំងផ្នែកសីលធម៌ គុណធម៌ និងចរិយាធម៌ ជាពិសេស គឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។ យោងតាមប្រវត្ដិសាស្រ្ដ និងបទពិសោធជាក់ស្ដែង វត្ដអារាម ព្រះសង្ឃ និងព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះនូវបញ្ញាញាណ ដែលជាថ្នាលបណ្ដុះគ្រាប់ពូជបញ្ញវន្ដ សម្រាប់ការអភិរក្ស និងការអភិវឌ្ឍជាតិលើគ្រប់វិស័យក្នុងសង្គមជាតិកម្ពុជា ។ ក្នុងន័យនេះ បន្ទាប់ពីសាងសង់រួចជាស្ថាពរ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ ដើម្បីដាក់តាំងបង្ហាញជាភស្តុតាង នូវរឿងរ៉ាវប្រវត្តិសាស្រ្តសង្រ្គាម សំណល់យុទ្ធភណ្ឌសង្រ្គាម និងប្រវត្តិជីវិតពិត ផលវិបាក ការឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងសង្រ្គាម និងការខិតខំប្រឹងប្រែងក្រោយសង្រ្គាម រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ ព្រមទាំងចូលរួមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបបន្ថែមទៀត ផងដែរ ។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញ និងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាក់ស្តែង ខេត្តសៀមរាប ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ មានភ្ញៀវទេសចរតាមច្រកព្រលានយន្តហោះអន្តរជាតិចំនួន ៣១ ម៉ឺននាក់ កើនទ្បើង ៣៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។ ទន្ទឹម​នឹងនេះ​ ​ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) កាលពីថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៤​ សម្តេច​ធិបតី​ បាន​ផ្តល់គោលការណ៍​ ដល់ក្រុមប្រឹក្សា​ភិបាល ក.ផ.ផ. កំណត់វិធានការគន្លឹះក្នុងការជំរុញឱ្យវិស័យទេសចរណ៍អាចងើបឡើងវិញ សម្រាប់រដូវកាលដែលមានភ្ញៀវច្រើន (High Season) នៃឆ្នាំ២០២៤ និងសម្រាប់ឆ្នាំ២០២៥ ទាំងមូល ។ វិធានការគន្លឹះទាំងនេះ រួមមានជាអាទិ៍៖ (១) ការរៀបចំប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល (E-Arrival) ដែលមានលក្ខណៈឌីជីថលពេញលេញ និងមិនតម្រូវឱ្យបំពេញលើក្រដាស ដោយមានភាពប្រទាក់ក្រឡាគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមទម្រង់តែមួយ ដែលភ្ញៀវបំពេញតែម្តង និងអាចបង់ប្រាក់តាមប្រព័ន្ធអនឡាញ,​ (២) លុបចោលគោលការណ៍ទាំងឡាយណា ដែលតម្រូវឱ្យភ្ញៀវទេសចរណ៍ត្រូវតែស្នាក់នៅរយៈពេល១យប់ យ៉ាងតិចនៅខេត្តសៀមរាប,​(៣)​ ការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេសចរណ៍ល្បីៗនៃបណ្ដាប្រទេសនានា មកខេត្តសៀមរាប,​​(៤) កាត់បន្ថយចំណាយធ្វើដំណើរទៅមករវាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្រុងសៀមរាប និង (៥) ការពិចារណាលើការកាត់បន្ថយចំណាយនៃថ្លៃចតយន្តហោះ ដែលនឹងឈានទៅកាត់បន្ថយខ្ទង់ចំណាយនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ជាដេីម ។ 

ក្នុងពិធីនោះផងដែរ សម្តេចបានស្នើធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ ជួយសម្របសម្រួលករណីក្រដាសប្រាក់បរទេសដាច់រហែក ឬមានស្នាមប្រឡាក់ តិចតួច ដើម្បីជួយសម្រួលដល់ការខាតបង់របស់ភ្ញៀវទេសចរ និងបងប្អូនអាជីវកររបស់យើង ។  

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអរព្រះគុណដល់ព្រះសង្ឃ និងអរគុណមន្រ្តីរាជការ និង ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយក្នុងរយៈពេល ១៨ ថ្ងៃទៀត គឺជាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោត្រូវបើកជាផ្លូវការ ហើយព្រែកជីកហ្វូណនតេជោនឹងផ្ដល់នូវឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Post a Comment

Previous Post Next Post