ឯកឧត្តម ឃួង ស្រេង អញ្ជើញប្រកាសសាខាបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាបក្ស ភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជាង៥០០នាក់


   ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ ជាង៥០០នាក់។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ ការប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្ស ភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺដើម្បីត្រៀមឈានឈ្ពោះទៅយកជ័យជំនះ ក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨ខាងមុខ។ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ប្រាកដនិយមខ្ពស់។ 

តាមរយៈការបញ្ចូលសមាជិកថ្មី ចំនួនជាង៥០០រូបនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនរុងរឿង។ បងប្អូនសមាជិក សមាជិកាទាំងជាង ៥០០នាក់នេះនឹងក្លាយជាប្រតិបត្តិករ ពោរពេញទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។

ឯកឧត្តមបន្តថា តាមរយៈគម្រោង «ព្រែកជីកហ្វូណន-តេជោ» យើងពិតជាបានឃើញច្បាស់ពីនរណា ដែលជាអ្នកស្នេហាជាតិ ហើយនរណាជាអ្នកបំភ្លេចបំផ្លាញជាតិពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជា បានរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបន្តនូវការកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តមលើកឡើងទៀតថា សន្តិភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នាការពារ សន្តិភាពនេះ ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ បន្ថែមពីនេះ សម្ដេចតេជោ នៅបានរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋចេញពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ថែមទៀត។ ផ្ដល់សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ អ្វីដែលសំខាន់នោះគឺសិទ្ធិរួសរានមានជីវិត ក្នុងចំណោមសិទ្ធិទាំង១០ របស់អង្គការអន្តរជាតិ។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា នូវបានដោះស្រាយបញ្ហាធំៗរបស់ជាតិយ៉ាងច្រើនទៀត រួមទាំងការដោះស្រាយ ការជាប់គាំងនយោបាយ ការទប់ស្កាត់ជំងឺកូវីដ១៩ ការស្ដារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើឱ្យកេរឈ្មោះកម្ពុជា លេចមុខលេចមាត់ នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្នុងពិធីនេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងជាង៥០០នាក់ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕









Post a Comment

Previous Post Next Post