សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានឧបត្ថម្ភស្បៀងអាហារ និងថវិកាដល់ សាលាពលទាហានទី៤


    ខេត្តសៀមរាប៖ នៅរសៀលថៃ្ងទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បានទទួលអំណោយឧបត្ថម្ភរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ ដែលរួមមានស្បៀងអាហារ និងថវិកា សម្រាប់ជួយទ្រទ្រង់ដល់ការងាររបស់សាលាពលទាហានទី៤។ 

ឧត្តមសេនីយ៍ត្រី ជុយ សីហា បានពាំនាំនូវពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដល់នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង យោធាចារ្យទាំងអស់ នៅក្នុងសាលាពលទាហានទី៤ ត្រូវគោរពអោយបានខ្ជាប់ខ្ជួននូវលក្ខខន្តិកៈ និងបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងគោរពអោយបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់សាលាដែលបានកំណត់។ ត្រូវប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្តេជ្ញាការពារាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និងយុទ្ធិធម៌។ ជាពិសេសជៀសវាងឱ្យឆ្ងាយពីការប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ។

សន្តានចិត្តដ៏ប្រពៃរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ បានបង្ហាញយ៉ាងប្រត្យក្សនូវការយកចិត្តទុកដាក់ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ អោយកាន់តែល្អប្រសើរ ធានាបាននូវគុណភាពនៃបរិមាណ និងការគិតគូរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង យោធាចារ្យទាំងអស់ ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន។

ឧត្តមសេនីយ៍ត្រី ឈឹង សារុន តាងនាមឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង យោធាចារ្យ នៃសាលាពលទាហានទី៤ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវ ដែលជានិច្ចកាលតែងបារម្ភអំពីសុខមាលភាពរបស់យោធិនបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ  ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចអោយបានល្អ ជូនជាតិ មាតុភូមិ និងប្រជាជន ៕


Post a Comment

Previous Post Next Post